គណបក្សកសិករខ្មែរ ( គ.ក.ស.ខ ) Khmer Farmers Party ( K.F.P ) មានគោលបំណងបង្កើតគណបក្សនេះឡើងដើម្បី៖ ១- ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ សង្គមអោយរីកចរើនជឿនលឿន។ ២- ពង្រឹងនូវលិទ្ធិប្រជាធិបតេយ្យ លប់បំបាត់ នូវអំពើពុករលួយ និងរបបផ្តាច់ការ។ ៣- ភាពបុគ្គលម្នាក់ៗ ពេញដោយក្តីសង្ឃឹម។ ៤- សមភាពចំពោះមុខច្បាប់ សំរាប់ពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយ, ភេទ, វណ្ណៈសង្គម, ជំនឿសាសនា ឬ កន្លែងរស់នៅឡើយ។ ៥- គ្រប់ជាតិសាសន៍ដែលមានដើមកំណើតជាជាតិខ្មែរ មិនថាខ្មែរលើ ខ្មែរក្រោម ឬខ្មែរកណ្តាល ត្រូវចាត់ទុកថាជាខ្មែរតែមួយ។ ៦- ប្រឆាំងដាច់ខាតទៅនិងការឈ្លានពានរបស់បរទេស។៧- គោរព និង អនុវត្តន៍តាមឆន្ទៈពលរដ្ឋខ្មែរ

លក្ខណៈវិនិច្ឆ័យនៃអ្នកដឹកនាំល្អតាមបែបប្រជាធិបតេយ្យ

តាំងពីឆ្នាំ ១៩៩៣ ប្រជាពលរដ្ឋកម្ពុជាបានរួមគ្នាកសាងសង្គមប្រជាធិបតេយ្យ។ ក្នុងដំណើរការកសាងសង្គមប្រជាធិបតេយ្យ យើងត្រូវការអ្នកដឹកនាំដែលមានភាពជាអ្នកដឹកនាំល្អតាមបែបប្រជាធិបតេយ្យ។ ដើម្បីជាជំនួយដល់ប្រជាពលរដ្ឋក្នុងការ វិនិច្ឆ័យទៅលើគុណសម្បតិ្តអ្នកដឹកនាំ បណ្តាញខ្មែរដើម្បីខ្មែរបានពង្រាងនូវលក្ខណៈវិនិច្ឆ័យ ឬសូចនាករដូចដែល បានរៀបរាប់ ដូចខាងក្រោមនេះ៖
លក្ខណៈវិនិច្ឆ័យ/សូចនាករ
១. មានសុចរិតភាព៖ អ្នកដឹកនាំដែលគោរពពាក្យសន្យា និយាយយ៉ាងណាធ្វើយ៉ាងនោះ ចេះទទួលកំហុស មិននិយាយកុហកបោកប្រាស (ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ) និងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ

២. ជាអ្នកបម្រើផ្តល់ជាគម្រូល្អៗដល់អ្នកដទៃ៖ បំពេញការងារជាអ្នកបម្រើពលរដ្ឋ មិនមែនតាំងខ្លួនជាចៅហ្វាយនាយ ឬអ្នកមានគុណ ហើយហ៊ានលះបង់អំណាចឬតួនាទីក្រោយ ការកាន់កាប់តួនាទីក្នុងរយៈពេលកំណត់មួយ (មិនធ្វើនាយករដ្ឋមន្រ្តីឬមេបក្សមួយជីវិត)

៣. មានទស្សនវិស័យវែងឆ្ងាយ៖ មានគោលដៅនិងយុទ្ធសាស្រ្តអភិវឌ្ឍជាតិវែងឆ្ងាយ ដើម្បីជាប្រយាជន៍រួម និងសម្រាប់ក្មេងជំនាន់ក្រោយ មិនមែនគិតតែថែរក្សានិងពង្រឹងអំណាចខ្លួនឯង ឬគ្រាន់គិតតែត្រឹមទៅដណ្តើម អំណាចពីអ្នកដទៃ

៤. ចេះស្តាប់អ្នកដទៃ៖ ចេះស្តាប់និងប្រមូលយកយោបល់ល្អៗពីពលរដ្ឋ បញ្ញវន្ត និងអ្នកនៅជុំវិញខ្លួន ដើម្បីធ្វើសេចក្តីសម្រេចចិត្តត្រូវ មិនមានមានចរិតគិតថាខ្លួនជាអ្នកចេះដឹងជាងគេ ហើយធ្វើសេចក្តីសម្រេចចិត្តបែប អត្តនោម័តនោះទេ។ ចេះគោរពការធ្វើសេចក្តីសម្រេចចិត្តរួមជាក្រុម

៥. បណ្តុះអ្នកដឹកនាំឲ្យបានច្រើន៖ មិនមែនយកចិត្តទុកដាក់បង្កើតតែអ្នកដើរតាមទេ ប៉ុន្តែ បណ្តុះអ្នកដឹកនាំ ជាច្រើនទៀតសម្រាប់បំពេញការងារបម្រើជាតិនិងប្រជាជនដោយឈ្លាសវៃ មិនចាំបាច់ រង់ចាំបញ្ជាពីថ្នាក់លើក្នុងការ ដោះស្រាយបញ្ហានានានៅមូលដ្ឋានឬតាមវិស័យផ្សេងៗ។​ ជាពិសេស បណ្តុះ និងផ្តល់ឱកាសយុវជនទូទៅឲ្យក្លាយ ជាអ្នកដឹកនាំល្អ សម្រាប់បន្តវេន (ទំពាំងស្នងឫស្សី)

៦. មានទំនុកចិត្តនិងលើកទឹកចិត្តដល់សហការី៖ ប្រគល់អំណាចនិងធនធានដល់ក្រុមការងារនិងសហការីនៅខាងក្រោម (ឧទាហរណ៍ថ្នាក់ឃុំ ស្រុក ខេត្ត) មិនមែនប្រមូលផ្តុំអំណាចនិងធនធាននៅក្នុងកណ្តាប់ដៃរបស់ខ្លួន និងក្រុមរបស់ខ្លួននៅ ថ្នាក់លើ។ ផ្តល់ការទុកចិត្តនិងលើកទឹកចិត្តផ្តល់ជូនដល់អ្នកដែលបំពេញការងារបានល្អប្រសើរ

៧.​ ចេះជ្រើសរើសអ្នកមានសមត្ថភាពនិងគុណធម៌៖ បង្កើតយន្តការឲ្យមានការជ្រើសរើសអ្នកកាន់ការងារសំខាន់ៗ ប្រកបដោយយុត្តិធម៌ ដើម្បីទទួលបាន អ្នកដឹកនាំជាច្រើនសម្បូរដោយសមត្ថភាពចំរុះ ហើយហ៊ានចេះតិះទៀនមេ បែបស្ថាបនា មិនមែនជ្រើសរើសចេញពីសាច់ញ្ញាតិបងប្អូន ឬបក្សពួក ឬអ្នកគ្រាន់តែចេះអែបអបសរសើរមេនោះទេ។

៨. មានភាពក្លាហាន៖ មានការតស៊ូព្យាយាមជំនះឧបសគ្គធំៗដើម្បីសម្រេចគោលដៅ បង្ហាញភាពជឿជាក់លើខ្លួន និងមានស្មារតីរឹងមាំក្នុងស្ថានភាពជ្រួលច្របល់ឬតានតឹងខ្លាំង ហើយរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ។

No comments:

Post a Comment